loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រង់រដ្ឋបាល ឆ្នាំ២០២០ បន្ទប់សម្ភុបុរៈ វេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តសកម្មភាពសង្គម

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០
លោកស្រី សេង សិរីវឌ្ឍនា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានដឹកនាំកម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រង់រដ្ឋបាល បន្ទប់ សម្ភុបុរៈ វេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាប្រឆាំងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល” ដោយចែកទឹកអាល់កុលលាងដៃជូនដល់ អ្នកខ្វះខាតរួមមាន ជនពិការ អ្នកប្រកបរបររត់ស៊ីក្លូ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី កម្មករ សន្ដិសុខ និងបងប្អូនប្រជាពលរដ្ឋទូទៅនៅមុខបរិវេណសាលាភូមិន្ទរដ្ឋបាល។ កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមមួយដែលរៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ។
ក្នុងឱកាសអនុវត្តការងារសង្គមនេះ កម្មសិក្សាការីបានចែកទឹកអាល់កុលលាងដៃចំនួន១៥០ដប និងឃីតជំនួយចំនួន៣០ (រួមមានអង្ករ សាប៊ូលាងដៃ ក្រមា និងថវិកា) ជូនដល់ជនពិការ អ្នកប្រកបរបររត់ស៊ីក្លូ អ្នករត់ម៉ូតូកង់បី និងជនចាស់ជរា។ ជាមួយគ្នានេះ កម្មសិក្សាការី បានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដែលមានដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
៤. ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
តំណាងកម្មសិក្សាការី ក៏បានបញ្ជាក់ជូនដល់ បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើមានអាការៈសង្ស័យ សូមបងប្អូនទូរស័ព្ទទៅលេខ ១១៥ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែមេសា មក និងបន្តធ្វើជាបន្តបន្ទាប់ទៀត។ សកម្មភាពសង្គមនេះ ទទួលបានថវិកាគាំទ្រពីថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណង ចូលរួមជាមួយ រាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺកូវីដ១៩៕