loading

ព័ត៌មានលម្អិត

កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីមនុស្សធម៌ក្រោមប្រធានបទ “ស្នាមញញឹមកុមារ”

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ

កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១ (វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីមនុស្សធម៌ក្រោមប្រធានបទ “ស្នាមញញឹមកុមារ” ក្រោមអធិតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដែលស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ដោយចំណាយថវិកាសរុបចំនួន ៤.៨៩៣,៣២ដុល្លារ ព្រមទាំងសម្ភារ និងគ្រឿងឧបភោគបរិភោគ។

លោក សម សភា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងាររបស់មន្ទីរសង្គមកិច្ច ធ្វើការងារទៅលើ ជនរងគ្រោះ ជនងាយរងគ្រោះ កុមារ មនុស្សពេញវ័យ និងមនុស្សចាស់ជរា ដោយឡែកកម្មវិធីមនុស្សធម៌ក្រោមប្រធានបទ “ស្នាមញញឹមកុមារ” មានកុមារកំព្រា កុមារគ្រួសារក្រីក្រ កុមារមានជំងឺកាចសាហាវ កុមារផ្ទុកមេរោគអេដស៍ សរុបចំនួន ១១៩នាក់ មកពី ៤មណ្ឌល ក្នុងនោះមាន៖ កុមារស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងកុមាសមាហរណកម្មទៅសហគមន៍, កុមារនៅក្នុងអង្គការម្លប់តាប៉ាង, បុរីកុមារក្រុងព្រះសីហនុ,មណ្ឌលផ្ទះនៃគ្រួសារ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសនថា កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌ របស់ថ្នាក់ដឹកនាំ ដើម្បីផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងជំរុញលើកទឹកចិត្តកុមារឱ្យមានបំណិនជីវិត តស៊ូជំនះបញ្ហានានាក្នុងជីវភាព។ ការផ្តល់សម្ភារសិក្សា គ្រឿងឧបភោគបរិភោគជូនដល់កុមារ ការបណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមជាក្រុម ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល មកកាន់ខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត ចងចាំនូវទឹកចិត្តសប្បុរសធម៌ គុណធម៌របស់សិក្ខាកាមវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ដែលបាននាំយកសម្ភារ និងគ្រឿងឧបភោគបរិភោគចែកជូនដល់កុមាររបស់យើងក្នុងខេត្តព្រះសីហនុ សូមឱ្យសិក្ខាកាមទាំង អស់បំពេញកិច្ចការកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានកោតសរសើរយ៉ាងខ្លាំងចំពោះការដឹកនាំ ការអភិវឌ្ឍមានការរីកចម្រើនរបស់ ឯកឧត្តម គួច ចំរើន ហើយអ្វីដែល ឯកឧត្តម បានលើកយកមកចែករំលែកក្នុងពេលនោះ សម្រាប់ជាបទពិសោធន៍ល្អយកទៅសិក្សារៀនសូត្របន្ថែម ដែលជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន។ ហើយនេះជាកម្មវិធីមនុស្សធម៌ជាបន្តបន្ទាប់ពីខេត្តសៀមរាម ខេត្តកំពង់ចាម និងមកដល់ខេត្តព្រះសីហនុ ក្នុងទឹកចិត្តអាណិតអាសូរ ការចូលរួមក្នុងសង្គម ជាមួយក្មួយៗកុមារា កុមារី ត្រូវយកការអាណិតស្រឡាញ់នេះ មកជាការខិតខំសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជាមិនត្រឹមតែជាមាសប្រាក់ ហើយវាថែមទាំងមានតម្លៃខ្លាំងណាស់ និងជាទ្រព្យដ៏គាប់ប្រសើរបំផុត ដើម្បីអនាគតភ្លឺថ្លារបស់ក្មួយៗទាំងអស់គ្នានៅពេលខាងមុខ៕