(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០
លោក ពៅ វិបុល ប្រធានការិយាល័យវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ បានដឹកនាំ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ជំងឺឆ្លង!” ដោយបានចែកទឹកអាល់កុលលាងដៃ ចំនួន ១៥០ដប ជូនដល់អ្នកខ្វះខាតរួមមាន ជនពិការ អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី កម្មករ កម្មការនី សន្ដិសុខ និងបងប្អូន ប្រជាពលរដ្ឋទូទៅនៅមុខបរិវេណសាលាភូមិន្ទរដ្ឋបាល ។ ឯកឧត្តម ហៃ ច័ន្ទភារិទ្ធ តំណាងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ បានមានប្រសាសន៍ថា៖ កម្មវិធីចែកទឹកអាល់កុលលាងដៃនេះ គឺជាសកម្មភាពសង្គមមួយ ដែលរៀបចំឡើងដោយ សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ។ បន្ថែមពីនេះ ក៏បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដែលមានដូចជា៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនឹងទឹកស្អាត ឬទឹកអាល់កុល ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាសអានាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅ ឬផ្ដាសាយ
៤. ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិនល្អ
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
ព្រមទាំងបានបញ្ជាក់ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើមានអាការៈសង្ស័យ សូមបងប្អូនទូរសព្ទទៅលេខ ១១៥ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញរបស់ក្រសួងសុខាភិបាលផ្ទាល់។
សូមបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល អនុវត្តសកម្មភាពនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមេសាមក និងនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត។ សកម្មភាពសង្គមនេះ ទទួលបានថវិកាគាំទ្រពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងជំងឺកូវីដ១៩ ។
កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ ចុះអនុវត្តសកម្មភាពសង្គម ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ជំងឺឆ្លង!”
ថ្ងៃទី២៩ ខែឧសភា ២០២០