loading

ព័ត៌មានលម្អិត

កម្មវិធី «ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៦ និងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបិស្ថាន ឆ្នាំ២០២៤» នៅសហសាលសាលាភូមិន្ទរដ្ឋបាល

នៅរសៀលថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៦ និងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបិស្ថាន ឆ្នាំ២០២៤» ដែលមានការអញ្ជើញចូលរួមដោយ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសិក្ខាកាមប្រមាណ ៩០នាក់។ ក្នុងពិធីបិទវគ្គប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៦ ឆ្នាំ២០២៣ ចំនួន ៥២នាក់/ស្រី១៥នាក់ និងបើកវគ្គបណ្តុះបណ្តាលសិក្ខាកាមមន្ត្រីមធ្យម ជំនាន់ទី៧ នៃក្រសួងបរិស្ថាន ឆ្នាំ២០២៤ ចំនួន២៥នាក់/ស្ត្រី៩នាក់។

ឯកឧត្តម យក់ ប៊ុនណា មានប្រសាសន៍ថា ចាប់តាំងពីបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល រវាងសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន យើងទទួលបានលទ្ធផលវិជ្ជមានគួរជាទីមោទនៈ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងបរិស្ថាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំនួន ១៤វគ្គមកហើយ ដែលមានសិក្ខាកាមសរុបចំនួន ៤៨៦នាក់ (ស្រី១៣៤នាក់) ព្រមទាំងបាននិងកំពុងមានដំណើរឆ្ពោះទៅមុខនៃកិច្ចខិតខំប្រឹងប្រែងសហការ ក្នងការសាងធនធានមនុស្សក្នុងវិស័យបរិស្ថាន។