(ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសារធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងមានការសម្របសម្រួលផ្ទាល់ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការងបញ្ជាការដ្ឋានអង្គរ័ក្ស និងជាតំណាងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ក្រុមទី១ វេនព្រឹក
បានចុះធ្វើការងារសង្គមដាំកូនឈើចំនួន ២០០០ដើម ក្នុងបរិវេណវត្តឥន្ទបត្តបុរី អង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា ការជួបជុំដាំកូនឈើនាពេលនេះ មានគោលបំណងសំខាន់ គឺ៖ ការដាំកូនឈើជាការរួមចំណែក នៃការរៀបចំសួនទេសភាព វប្បធម៌ នៅក្នុងវត្តឥន្ទបត្តបុរី ហៅអង្គរខាងជើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងជាចំណែកមួយជួយបំពេញបន្ថែម នូវកិច្ចប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា នៅក្នុងក្របខ័ណ្ឌ នៃការកែលម្អ នូវបរិស្ថាននៅក្នុងតំបន់អង្គរក៏ដូចជាក្នុងខេត្តសៀមរាបបន្ថែមទៀត។
ឯកឧត្ដម ក៏បានបន្តថា ការដាំដើមឈើមានអត្ថន័យ និងប្រយោជន៍ច្រើនយ៉ាងសម្រាប់យើងទាំងអស់គ្នា ឈើបានផ្តល់ជាម្លប់ ផ្តល់នូវខ្យល់ដកដង្ហើមដែលមានគុណភាព ផ្តល់នូវឧកស៊ីហ្សែន ផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ការរួមគ្នាដាំដើមឈើនាពេលនេះជាការចូលរួមរំលឹក និងតបស្នងសងគុណ ចំពោះធម្មជាតិដែលមានចំពោះយើង។
អាស្រ័យដោយទីតាំងភូមិសាស្ត្រតំបន់អង្គរជាតំបន់វប្បធម៌ ប្រវត្តិសាស្ត្រយូរអង្វែង នៃការកកើតព្រះពុទ្ធសាសនានៅខេត្តសៀមរាប ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជាដំបូងគេ ហេតុនេះ ក្នុងនាមគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល បានសម្រេចយកទីតាំង វត្តឥន្ទបត្តបុរី ជាចំណុចចាប់ផ្តើម នៃគម្រោងសាកល្បងការរៀបចំសួនទេសភាព វប្បធម៌ ស្របគ្នាជាមួយនឹងការគិតគូរ និងពិចារណា លើគម្រោងសាកល្បងនេះ ដោយគ្រោងនឹងជ្រើសរើសទីតាំង នៃទីអារាមណាមួយចំនួនទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីរៀបចំសួនទេសភាព វប្បធម៌ ជាបន្តទៅទៀត កន្លងមកគណៈគ្រប់គ្រងសាលា បានពិនិត្យ និងពិចារណាទៅលើវត្តមួយចំនួននៅខេត្តព្រៃវែង បាត់ដំបង ក្រចេះផងដែរ។
គម្រោងសាកល្បង នៃការរៀបចំសួនទេសភាព វប្បធម៌ តាមវត្តអារាមជាគម្រោងមួយមានតម្លៃផ្សារភ្ជាប់ព្រះពុទ្ធសាសនា វប្បធម៌ ប្រវត្តិសាស្ត្ររបស់កម្ពុជា ជាមួយនឹង សាសនាដទៃៗទៀតដែលមានតាំងពីយូរលង់ណាស់មកហើយ និងរួមរស់ជាមួយគ្នាដោយសុខដុមរមនា ហើយយើងទាំងអស់គ្នានៅតែបន្តការរក្សាតម្លៃក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌ជាតិ ក៏ដូចជាការលើកកម្ពស់ នូវភាពសុខដុមរមនានៅក្នុងសង្គមជាតិទាំងអស់គ្នា។ កាតព្វកិច្ចរបស់យើងទាំងអស់គ្នា គឺបន្តថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រកបដោយចីរភាព៕