loading

ព័ត៌មានលម្អិត

កម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២ ថ្នាក់លង្វែក ក្រោមប្រធានបទ «ក្តីសង្ឃឹមរបស់កុមារក្នុងការអភិវឌ្ឍសហគមន៍បៃតង»

(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរឃុំសំបុក បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២ ថ្នាក់លង្វែក ក្រោមប្រធានបទ «ក្តីសង្ឃឹមរបស់កុមារក្នុងការអភិវឌ្ឍសហគមន៍បៃតង»។

សាលាបឋមសិក្សាកាំពី និងសាលាបឋមសិក្សាកាកុត ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី សាលានីមួយៗទទួលបានការឧបត្ថម្ភនូវ ថវិកា ២លានរៀល សម្ភារសិក្សាមួយចំនួន និងធុងសម្រាមចំនួន៥។ លោកគ្រូ-អ្នកគ្រូ ១២នាក់នៃសាលាទាំងពីរ ម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ ៣ម៉ឺនរៀល និងកូនសិស្ស ២៣៤នាក់ ម្នាក់ទទួលបាន កាតាប១ ដបទឹក១ សៀវភៅសរសេរ៥ក្បាល ប៊ិក២ដើម ខ្មៅដៃ២ដើម ជ័រលុប១ បន្ទាត់១ ប្រដាប់ខួងខ្មៅដៃ១ ខ្មៅដៃពណ៌១ប្រអប់ សៀវភៅរូបផាត់ពណ៌១ក្បាល និងថវិកា៥ពាន់រៀល។ ដោយឡែកសិស្សក្រីក្រ៤៨នាក់ ម្នាក់ៗទទួលបានថវិកាបន្ថែម៦ម៉ឺនរៀល។ ចំណែកឯលោកតា-លោកយាយចាស់ជរា២០នាក់ ម្នាក់ៗទទួលបាននូវ មុង១ ភួយ១ ក្រម៉ា១ ក្រណាត់ស១ដុំ សារ៉ុង១ និងថវិកា២ម៉ឺនរៀល។ ទន្ទឹមនេះ ឧកញ៉ា នឹម វណ្ណៈ និងស្វាមី បានឧបត្ថម្ភថវិកាជូនគ្រួសារដែលមានជីវភាពខ្វះខាត ១២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៣០ម៉ឺនរៀល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម យក់ ប៊ុនណា ក៏បាននាំយកនូវឫស្សីទំពាំងផ្អែមចំនួន២០០ដើមនៃចំនួនសរុប ១០០០០ដើម ដែលជាការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋ ១៩៨ខ្នងផ្ទះក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ផងដែរ៕