loading

ព័ត៌មានលម្អិត

កម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ (ថ្នាក់ចេនឡា) ក្រោមប្រធានបទ «ស្នាមញញឹមនៃកុមារ» នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងលោកជំទាវ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ (ថ្នាក់ចេនឡា) នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ស្នាមញញឹមនៃកុមារ» នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១  ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក
ណុប អូ ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចនៃសង្កាត់លេខ១។

ក្នុងឱកាសនោះ មានការឧបត្ថម្ភជូនមណ្ឌលកុមារកំព្រា ចំនួន ៤មណ្ឌល រួមមាន៖
១. មណ្ឌល ផ្ទះ នៃគ្រួសារ
២. មណ្ឌល ស្នាក់នៅបណ្តោះអាសន្ន(អង្គការម្លប់តាប៉ាង)
៣. មណ្ឌល បុរីកុមារក្រុងព្រះសីហនុ
៤. អង្គការអលឃីដស៍
ដោយមណ្ឌលនីមួយៗ ទទួលបានថវិកា ៩០ម៉ឺនរៀល, អង្ករ២បាវ, ត្រីងៀត២គីឡូក្រាម, ឆៃប៉ូវ៥គីឡូក្រាម, ត្រីខ៥ឡូតិ៍, មី៥កេស, ទឹកបរិសុទ្ធ៥កេស, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ, អំបិល៥កញ្ចប់, ស្ករស៥កញ្ចប់, តែ៥កញ្ចប់, ប្រេងឆា៥ដប, សាប៊ូលាងចាន៥ដប, ម្សៅស៊ុបខ្នរ៥កញ្ចប់, ប៊ីចេង៥កញ្ចប់ និងនំស្រួយលីលី៦កេស។ ចំណែកឯកុមារកំព្រា ចំនួន ២២០នាក់ដែលមកពីមណ្ឌល ទាំង៤ ម្នាក់ៗទទួលបាន ការឧបត្ថម្ភនូវ កាតាប១, សៀវភៅ៥ក្បាល, ដបទឹក១, ខ្មៅដៃ២, ប៉ិច២, ជ័រលប់២, បន្ទាត់២, នំ១កញ្ចប់ធំ, ទឹកដោះគោជូរ ១ដុំតូច និងថវិកា ៥០០០រៀល៕