loading

ព័ត៌មានលម្អិត

កម្មវិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៣ មន្ត្រីមធ្យមថ្នាក់ក្រោមជាតិ ជំនាន់៥ និងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៤ នៃក្រសួងបរិស្ថាន នៅសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៣ មន្ត្រីមធ្យមថ្នាក់ក្រោមជាតិ ជំនាន់៥ និងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ជំនាន់៤ នៃក្រសួងបរិស្ថាន នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម សុខ គាង រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ឯកឧត្ដម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានគណៈកម្មការបណ្ដុះបណ្ដាលមន្ត្រីរាជការនៃក្រសួងបរិស្ថាន បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖
ឈរលើអភិក្រមការងារដើម្បីឱ្យមាន៖ វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ សាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈឈានមុខមួយរបស់រាជរដ្ឋាភិបាល តែងតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនជាលំដាប់ដោយភាពសកម្ម បុរេសកម្ម និងភាពជាម្ចាស់ចំពោះការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងកាន់ខ្ជាប់នូវគោលការណ៍បណ្ដុះបណ្ដាល ប្រកបដោយគុណភាព និងតម្លៃគុណាធិបតេយ្យ និងយកចិត្តទុកដាក់ខ្ពស់បំផុតចាប់តាំងពីដំណាក់កាល នៃការជ្រើសរើសសិស្សមន្ត្រី និងកម្មសិក្សាការី រហូតដល់ពេលបញ្ចប់ការសិក្សា។
ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមដែលថា៖ បន្ទាប់ពីបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលរវាងក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន នាឆ្នាំ២០១៤ សាលាភូមិន្ទរដ្ឋបាល បានរៀបចំការបណ្ដុះបណ្ដាលមន្ត្រីរាជការក្រសួងបរិស្ថាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចំនួន ១១វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៣៨៥នាក់ (ស្រី១០៧នាក់)៕