loading

ព័ត៌មានលម្អិត

«កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល

សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖ សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបែបនេះចំនួន ២លើក រួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន ១២៩អង្គនាក់ (នារី១០នាក់ និងព្រះសង្ឃ ៣អង្គ) ដោយមានសមាសភាពជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជនផ្សេងទៀត។ ចំពោះកម្មវិធីលើកទី៣ ក្នុងឆ្នាំ២០២២នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន ៣៥៧អង្គ/នាក់ (នារី ៧៨នាក់ និងព្រះសង្ឃ ៦អង្គ) ក្នុងនោះ រួមមាន៖

-ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យារបស់ក្រសួងមុខងារសាធារណៈ មានចំនួន ១០០នាក់
-គ្រូឧទ្ទេស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីក្រមការ មានចំនួន ២៥០អង្គ/នាក់ និង
-អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសាធារណជនផ្សេងទៀត មានចំនួន ៧នាក់។

ចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម បានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកម្មវិធីបរិច្ចាគឈាមលើកមុន។ ការកើនឡើងនេះ បញ្ជាក់ថា៖ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរសជនផ្សេងទៀតបានផ្តល់តម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌មួយនេះនិងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមបន្ទាន់ឱ្យរួចផុតពីសេចក្តីស្លាប់។

កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ជាសកម្មភាពសង្គមគំរូមួយដែលនឹងជួយជំរុញ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅក្នុងក្របខណ្ឌរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែប្រសើរឡើង ស្របតាម បាវចនារបស់ខ្លួន ដើម្បី វិន័យ គុណភាព គុណធម៌ និងនវានុត្តន៍៕