(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែករំលែកស្ដីពី «កម្មវិធីជជែកដេញដោល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល។
ក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានសម្ដែងការកោតសរសើរចំពោះការបង្កើតកម្មវិធីនេះឡើង ដើម្បីជួយបង្កើនភាពក្លាហានរបស់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលសហការរៀបចំដោយក្រុមការងារនៃនាយកដ្ឋានស្រាវជ្រាវនិងទំនាក់ទំនងអន្តរជាតិ និងនាយកដ្ឋានបណ្ដុះបណ្ដាលដំបូងនៃសាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមជាវាគ្មិនពីសំណាក់ កញ្ញា ចេង ឧស្សាហ៍ សហស្ថាបនិកនៃ Khemara English Debate Society និងជាអ្នកគ្រប់គ្រងកម្មវិធីជជែកដេញដោលនៃវិទ្យាសា្ថនភាសាបរទេស។ ដោយផ្អែកលើស្ថានភាពប្រឈមនៃជំងឺកូវីដ១៩ មានភាពធូរស្រាលនៅកម្ពុជា និងដោយការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេស (លើកលែងកន្លែងបិទជិត) និងការអនុញ្ញាតឱ្យមានការជួបជុំគ្នាឡើងវិញ បានផ្តល់នូវឱកាសសម្រាប់យើងទាំងអស់គ្នាអាចជួបជុំផ្ទាល់នៅថ្ងៃនេះ ដែលខុសពីស្ថានភាពក្នុងឆ្នាំកន្លងទៅ ដែលភាគច្រើនយើងអាចជួបគ្នាបានតែតាមអនឡាញ។
សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានសិក្សាសាធារណៈមួយ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងការបណ្ដុះបណ្ដាលមន្រ្តីរាជការ និងបានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសាធារណៈឱ្យមានសក្តានុពលដែលអាចប្រកួតប្រជែង នៅក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ដោយសង្កេតឃើញពីភាពចាំបាច់ក្នុងការពង្រឹងចំណេះដឹងបន្ថែម លើការត្រឹះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ និងការនិយាយសាធារណៈ ជាដើម គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល បានសម្រេចបង្កើតឱ្យមាន “កម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ឆ្នំា២០២២” នេះឡើង ដើម្បីផ្តល់ឱ្យសិស្សមន្រ្តី មានភាពក្លាហាន និងចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល និងផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងតម្លៃជាមិត្តភាព ដើម្បីស្វែងរកនូវសុខដុមនីយកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងផ្តល់ជាដំណោះស្រាយ និងទឡ្ហីករណ៍សម្រាប់ដោះស្រាយបញ្ហានៅក្នុងសង្គម។
តាងនាមអោយគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ប្អូនៗសិស្សមន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ ជាពិសេស ខ្ញុំក៏សូមថ្លែងអំណរគុណដល់ កញ្ញា ចេង ឧស្សាហ៍ សហស្ថាបនិកនៃ Khemara English Debate Society និងជាអ្នកគ្រប់គ្រងកម្មវិធីជជែកដេញដោលនៃវិទ្យាសា្ថនភាសាបរទេស ដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ សម្រាប់កម្មវិធីថ្ងៃនេះផងដែរ៕