(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំសិក្ខាកាមវគ្គ “ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ” របស់មន្ត្រីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពការងារពាក់ព័ន្ធឆ្នាំ២០២១ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំ និងមន្ត្រីសាលាភូមិន្ទរដ្ឋបាល បានចុះអនុវត្តការងារសង្គមរបស់សាលាភូមិន្ទរដ្ឋបាល នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសចុះអនុវត្តការងារសង្គមនេះ ក្រុមការងារបាននាំយកនូវពូជមាន់ ទា ដូង ត្នោត ខ្នុរ ព្រីង បន្លែ និងក្រមា ភួយ សម្ភារសិក្សា និងថវិកាមួយចំនួនចែកជូនប្រជាពលរដ្ឋ ព្រឹទ្ធាចារ្យភូមិ ជនពិការ និងសិស្សានុសិស្សក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានដឹកនាំក្រុមការងារទៅទស្សនៈកិច្ចសិក្សា នៅតំបន់វប្បធម៌សារតាំង និងសហគមន៍កែច្នៃផ្លែមៀន។ តាមរយៈការអនុវត្តការងារសង្គមនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការសាទរ និងសប្បាយរីករាយ ដោយទទួលបានការយកចិត្តទុកដាក់ ជួយកាត់បន្ថយការខ្វះខាតរបស់ពួកគាត់៕