loading

ព័ត៌មានលម្អិត

ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបាឋកថាស្ដីពី «សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន»

(រាជធានីភ្នំពេញ)៖ រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើបទបាឋកថាស្ដីពី «សក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន» ជូនដល់ គណៈគ្រប់គ្រង មន្រ្តីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៥៧៩អង្គ/នាក់។

តាមរយៈមតិស្វាគមន៍របស់ ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានមានប្រសាសន៍ថា៖ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃសាលាភូមិន្ទរដ្ឋបាល ខ្ញុំបាទពិតជាមានកិតិ្តយសដ៏ឧដុង្គឧត្តម និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយទទួលនូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញផ្តល់បទបាឋកថាលើប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នាពេលនេះ។

បាឋកថានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវពុទ្ធិ និងពង្រឹងសមត្ថភាពបន្ថែម ដើម្បីចូលរួមក្នុងការងារកំណែទម្រង់ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់កម្មសិក្សាការី និងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធសឹងជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលអញ្ជើញមកពីគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលទទួលការបណ្ដុះបណ្ដាលនៅសាលាភូមិន្ទរដ្ឋបាល។

ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសូមចាត់ទុកការផ្តល់បាឋកថានេះជាសកម្មភាពជួយជម្រុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕