loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ចែករំលែកបទពិសោធន៍រដ្ឋាភិបាលឌីជីថល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ចែករំលែកបទពិសោធន៍រដ្ឋាភិបាលឌីជីថល ដែលមានការអញ្ជើញជាវាគ្មិនកិត្តិយស ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្ដម តាំង ងួនលី អគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍រដ្ឋាភិបាលឌីជីថល ដែលរៀបចំឡើងក្រោមកិច្ច សហការរវាងសាលាភូមិន្ទរដ្ឋបាល និងវិទ្យាស្ថានមុខងារសាធារណៈសិង្ហបុរី (Civil Service College) តាមរយៈគម្រោង”កម្មវិធីរដ្ឋាភិបាលឌីជីថល” សម្រាប់មុខងារសាធារណៈកម្ពុជា ដោយមានការគាំទ្រពីក្រសួងមុខងារសាធារណៈកម្ពុជា និងមូលនិធិ TEMASEK អន្តរជាតិ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងផ្តោតលើគោលដៅដ៏សំខាន់ចំនួនពីរ៖
ទី១៖ គឺការចែករំលែកទស្សនវិស័យស្តីពី រដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល
និងទី២៖ ការចែករំលែកនូវបទពិសោធន៍ស្តីពី ការកែទម្រង់លើការផ្តល់សេវាសាធារណៈ ក្នុងបរិបទថ្មីគឺឌីជីថល។

កម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីសាលា និងកម្មសិក្សាការីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល៕