loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រង និងសមណនិស្សិត-និស្សិតនៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមប្រធានបទ ៖ «ក្ដីស្រមៃខ្ញុំ អនាគតខ្ញុំ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី និងទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រង និងសមណនិស្សិត-និស្សិតនៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ ៖ «ក្ដីស្រមៃខ្ញុំ អនាគតខ្ញុំ» និងបទបង្ហាញស្ដីពី «ទីតាំង និងតួនាទីរបស់សាលាភូមិន្ទរដ្ឋបាលក្នុងប្រព័ន្ធជ្រើសរើសបណ្ដុះបណ្ដាល និងអាជីពនៃមុខងារសាធារណៈកម្ពុជា» ធ្វើបទបង្ហាញដោយ លោក ណុច រ៉ាម៉ូ អនុប្រធាននាយកដ្ឋានស្រាវជ្រាវនិងទំនាក់ទំនងអន្តរជាតិ។

កម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់ សមេ្តចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង និងជាព្រះសាកលវិទ្យាធិការ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាលា មន្រ្តីរាជការ និងព្រឹទ្ធបុរស សាស្ត្រាចារ្យ សមណនិស្សិត-និស្សិត ប្រមាណជាង២៥០អង្គ/នាក់។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងស្វែងយល់អំពីគុណតម្លៃនៃសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ដើម្បីបណ្តុះស្មារតីរបស់និស្សិតដែលសុទ្ធសឹងជាអនាគតបេក្ខជនដ៏មានសក្តានុពល និងទេពកោសល្យ ក្នុងការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការទាំងកម្រិតជាន់ខ្ពស់ និងក្រមការ៕