(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញទទួលជួបសំណេះសំណាលនៃដំណើរទស្សនកិច្ចសិក្សារបស់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សនៃវិទ្យាល័យ ២៤កញ្ញា ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ៖ «ក្ដីស្រមៃខ្ញុំ អនាគតខ្ញុំ» ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងក្រុមការងាររបស់សាលាភូមិន្ទរដ្ឋបាល និងវាគ្មិនកិត្តិយស លោក ណុច រ៉ាម៉ូ អនុប្រធាននាយកដ្ឋានស្រាវជ្រាវនិងទំនាក់ទំនងអន្តរជាតិ នៃសាលាភូមិន្ទរដ្ឋបាល។
ជាកិច្ចចាប់ផ្ដើមនៃមតិស្វាគមន៍ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានស្នើដល់គណៈគ្រប់គ្រង និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ២៤កញ្ញា បិទភ្នែក ១នាទី ដើម្បីបង្កើតក្ដីស្រមៃរបស់ខ្លួននៅថ្ងៃអនាគត ក្នុងនោះសិស្សានុសិស្សខ្លះក៏មានក្ដីស្រមៃចង់ក្លាយជាអ្នកគ្រូពេទ្យ ប្រធានគ្រប់គ្រងអង្គភាព ម្ចាស់អាជីវកម្ម និងអ្នកចង់ប្រឡងមករៀននៅសាលាភូមិន្ទរដ្ឋបាល។
ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកឡើងនូវ
ឥទ្ធិបាទធម៌ ៤យ៉ាង ដែលជាគ្រឿងមានភាពជោគជ័យ ក្នុងនោះរួមមាន៖
១/- ឆន្ទៈ ៖ ការមានបំណងប្រាថ្នា ឬក្ដីសុបិន
២/- វិរិយៈ ៖ សេចក្ដីព្យាយាម
៣/- ចិត្តៈ ៖ ការត្រិះរិះពិចារណា និង
៤/- វិមំសា ៖ ការពិចារណាឱ្យបានល្អិតល្អន់ ឬការពិសោធន៍
ជាកិច្ចបញ្ចប់ ឯកឧត្ដមនាយកសាលាភូមិន្ទរដ្ឋបាល បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ និងយកចិត្តទុកដាក់ដល់សុខភាពប្រចាំថ្ងៃ ព្រោះការថែសុខភាពពីវ័យក្មេងគឺជាកត្តាដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប៕