(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញ (Microsoft Team) ស្តីពី «វិស័យអប់រំនៅកម្ពុជា» ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រីក្រមការជំនាន់ទី៩ និងកម្មសិក្សាការីទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៩៧២អង្គ/នាក់។
តាមរយៈមតិស្វាគមន៍របស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងពិធីបាឋកថានេះថា៖
ជាការពិតណាស់ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង កសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយទៅជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ដែលជាទិសដៅនៃចក្ខុវិស័យរបស់ខ្លួន។
ស្របជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និងសកលលោក ដោយផ្អែកតាមស្មារតីរដ្ឋធម្មនុញ្ញ និងគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ សិស្សមន្ដ្រីក្រមការជំនាន់ទី៩ កម្មសិក្សាការីទាំងអស់ របស់សាលាភូមិន្ទរដ្ឋបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកយ៉ាងមានសារៈសំខាន់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ និងសូមចាត់ទុកការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លាក្នុងការជួយជំរុញ និងពង្រឹងដំណើរការបណ្ដុះបណ្ដាល របស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕