loading

ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពី “រដ្ឋាភិបាលឌីជីថល” ដំណាក់កាលទីពីរ ដែលផ្តោតលើ “ការរៀបចំដំណើរការសេវាកម្ម” (Service Journey Mapping)

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ និងក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទស្តីពី “រដ្ឋាភិបាលឌីជីថល” ដំណាក់កាលទីពីរ ដែលផ្តោតលើ “ការរៀបចំដំណើរការសេវាកម្ម” (Service Journey Mapping)។

ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាអាចវិលត្រលប់មករកប្រក្រតីភាពថ្មី បន្ទាប់ពីមានវិបត្តិកូវីដ-១៩ ហើយកម្មវិធីបណ្តុះបណ្តាលដំណាក់កាលនេះ អាចរៀបចំឡើងដោយផ្ទាល់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា សិង្ហបុរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា សាស្ត្រាចារ្យជាវាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ៣៥នាក់។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាគម្រោងសហការរួមគ្នារវាងក្រសួងមុខងារសាធារណៈ ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ និង សាលាមុខងារសាធារណ:សិង្ហបុរី (Civil Service College) ដោយមានការគាំទ្រពីមូលនិធិ Temasek អន្តរជាតិ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។

គោលបំណងសំខាន់នៃវគ្គបណ្តាលនេះ ផ្តោតលើប្រធានបទដ៏សំខាន់មួយគឺ “ការរៀបចំដំណើរការសេវាកម្ម” (Service Journey Mapping) ដែលប្រធានបទនេះ មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងសក្តិសិទ្ធភាព។

វាគ្មិននឹងចែករំលែកចំណេះដឹង និងបទពិសោធន៍៖
(១) ដំណើរការនវានុវត្តន៍ ក្នុងសេវាសាធារណៈ
(២) ការស្វែងយល់និងសម្រិតសម្រាំងព័ត៌មានលម្អិត ការរៀបចំផែនការដំណើរការ និងការកំណត់អំពីឱកាស
(៣) ការអភិវឌ្ឍគំនិតនិងទស្សនៈទាន
(៤) ការរៀបចំគម្រោងសាកល្បង និងបង្កើតជាការរៀបចំសង្ខេប និង
៥) ការអនុវត្តគំនិត និងវាយតម្លៃលើផលប៉ះពាល់។
ភាពជាអ្នកដឹកនាំឌីជីថល គឺមានសារ:សំខាន់ណាស់ក្នុងការកំណត់ និងសម្រេចគោលបំណងច្បាស់លាស់ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងមានសមត្ថភាពព្យាករណ៍ ត្រៀមខ្លួនរួចជាស្រច និងប្រកាន់វិធានការសមស្រប សម្រាប់ការផ្លាស់ប្តូរក្នុងអនាគត ក្នុងន័យកសាងសង្គមប្រកបដោយវិបុលភាព និងចីរភាព៕