loading

ព័ត៌មានលម្អិត

លោក ធន់ ប៊ុនធឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា ជួបពិភាក្សាជាមួយ លោក Danila Verizhnikov លេខាធិការទី៣ នៃស្ថានទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣
លោក ធន់ ប៊ុនធឿន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណ: ជួបពិភាក្សាជាមួយ លោក Danila Verizhnikov លេខាធិការទី៣ នៃស្ថានទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា និងលោកស្រី Sofia oborskaya អនុព័ន្ធស្ថានទូតសហព័ន្ធរុស្សីប្រចាំកម្ពុជា។

ជំនួបនៃកិច្ចប្រជុំនេះធ្វើឡើងក្រៅផ្លូវការ ដើម្បីជជែកពិនិត្យលទ្ធភាព និងការរៀបចំកិច្ចសហប្រតិបត្តិការរួមគ្នា រវាងសាកលវិទ្យាល័យរដ្ឋម៉ូស្គូ(Moscow State University) នៃប្រទេសរុស្សី និងសាលាភូមិន្ទរដ្ឋបាល លើកម្មវិធីបណ្តុះបណ្តាលផ្តល់ជូនសិស្ស-និស្សិតរុស្សី អំពីកម្មវិធីសិក្សាជាភាសារខ្មែរ និងការផ្តល់អាហារូបករណ៍ការបណ្តុះបណ្តាលរយៈពេលខ្លីជូនសិស្ស-និស្សិតកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបណ្ដុះបណ្ដាល៕