«ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ សាលាភូមិន្ទរដ្ឋបាលបានរៀបចំ «ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» ដោយមានការអញ្ជើញចូលរួមពី៖ - ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ - ឯកឧត្ដម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ - សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំង - ឯកឧត្ដម លោកជំទាវ លោក លោកស្រីដែលជាគណៈប្រតិភូអមដំណើរ អញ្ជើញមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ អនុស្សរណៈនេះ មានគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ សម្រាប់ស្ថាប័នទាំងពីរក្នុងការបណ្ដុះបណ្ដាលមន្ត្រីសាធារណៈដើម្បីអោយមានគុណភាព និងលើកកម្ពស់ការយល់ដឹង ពីគ្នាទៅវិញទៅមក រវាងគូភាគីទាំងសងខាង។ ឆ្លងតាមរយៈការព្រមព្រៀងគ្នានេះ គូភាគីបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការសិក្សាអប់រំ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗដោយផ្អែកលើគោលការណ៍ បដិភាគ និងការផ្ដល់អត្ថប្រយោជន៍ដល់គូភាគីទាំងសងខាង! ជាកិច្ចបញ្ចប់នៃកម្មវិធីក៏មានការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ ថតរូបអនុស្សាវរីយ៍ និងពិសារអាហារសាមគ្គីរួមគ្នាផងដែរ។