ឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងបរិស្ថាន អញ្ជើញធ្វើបទបាឋកថាស្ដីពី «ការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖នៅថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងបរិស្ថាន អញ្ជើញធ្វើបទបាឋកថាស្ដីពី «ការផ្ទេរមុខងារជូនរដ្ឋបាលថ្នាក់ក្រោមជាតិ» ដើម្បីចែកថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ និងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល វគ្គវិក្រឹត្យការមន្ត្រីមធ្យម វគ្គវិក្រឹត្យការមន្ត្រីក្រមការ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ ព្រមទាំងសិស្សមន្ត្រីក្រមការ ជំនាន់ទី៨ សរុបចំនួន ៤៦២ អង្គ/នាក់ ក្នុងនេះឯកឧត្ដមវាគ្មិន បានណែនាំអំពី ការអនុវត្តអនុក្រឹត លេខ១១៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងបានបញ្ជាក់យ៉ាងច្បាស់អំពីមាត្រា១គោលបំណងសំខាន់នៃអនុក្រឹត្យគឺ ១. ប្រមូល និងដឹកសំរាម សំណល់រឹងឱ្យអស់ចេញពីទីប្រជុំជនក្រុង ស្រុក និងតាមដងផ្លូវជាតិ ២. យកសំរាម សំណល់រឹងប្រមូលបាន ដឹកយកទៅចាក់នៅទីលាន ឬរណ្ដៅសំរាម ឆ្ងាយពីទីប្រជុំជន មិនប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋ ព្រមទាំងវិធានការមួយចំនួនទៀតដើម្បីសម្រេចគោលបំណងរួមមាន៖ ១. ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ទៅឱ្យរដ្ឋបាលក្រុង ស្រុកជាអ្នកអនុវត្ត ២. កំណត់វិធានការចាំបាច់នានា ដើម្បីឱ្យជោគជ័យ និង ៣. បង្កើតយន្តការថ្នាក់ជាតិ និងខេត្តជួយសម្របសម្រួល និងគាំទ្រការអនុវត្តមុខងារក្រុង ស្រុក លើសពីនេះឯកឧត្ដមវាគ្មិនក៏បានបញ្ជាក់បន្ថែមផងដែរអំពីអនុក្រឹត្យស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានគោលបំណង ឬ ទិសដៅរួមមាន៖ ១. ទឹកកខ្វក់បានប្រមូល និងបង្ហូរចេញពីទីប្រជុំជនតាមប្រព័ន្ធលូ មិនបង្ករការដក់ ឬជន់លិច ២. ទឹកកខ្វក់បានធ្វើប្រព្រឹត្តកម្ម (សំអាត) មុនការបញ្ចេញចូលប្រភពទឹក និងមិនបង្កការបំពុលបរិស្ថាន ឬប៉ះពាល់សុខភាពមនុស្ស សត្វហើយទាំងនេះ ជាបទពិសោធន៍ល្អៗសម្រាប់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីមធ្យម កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីក្រមការ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១០ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់យកជាចំណេះដឹង និងជាបទពិសោធន៍ក្នុងវិស័យការងារប្រចាំថ្ងៃ។