សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ប្រោះព្រំពរជ័យ លេងល្បែងប្រជាប្រិយ និងពិធីសូត្រមន្តសុំសិរីសួស្ដី ព្រមទាំងពិធីជួបជុំគ្រួសារ សាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ប្រោះព្រំពរជ័យ លេងល្បែងប្រជាប្រិយ ពិធីលោតរបាំត្រុដិ ដើម្បីបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ លើករាសីឆ្នាំថ្មី និងពិធីសូត្រមន្តសុំសិរីសួស្ដី ព្រមទាំងពិធីជួបជុំគ្រួសារ សាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ហើយកម្មវិធីនេះប្រពឹត្តទៅក្រោមរូបភាពស្និទ្ធស្នាល និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាល សាស្រ្តាចារ្យ ភ្ញៀវកិត្តិយស និងកម្មសិក្សាការីឆ្នាំ២០១៨ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ សិស្សមន្ត្រីក្រមការជំនាន់ទី៨ នៃសាលាភូមិន្ទរដ្ឋបាល។ លើសពីនេះទៀតនោះ ឯកឧត្ដមកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានជម្រុញឱ្យសាលានៅតែបន្តរៀបចំកម្មវិធីសង្ក្រាន្តនេះជារៀងរហូតទៅ ដើម្បីបន្តដល់ក្មេងជំនាន់ក្រោយៗ អោយស្គាល់ពីប្រពៃណី ទំនៀមទំលាប់ដ៏ល្អ និងភាពរុងរឿងរបស់ប្រជាជនកម្ពុជាយើង។