ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅបន្ទប់អង្គរបុរីនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃសាលាភូមិន្ទរដ្ឋបាល ក្នុងនោះមានការចូលរួម៖ គណៈគ្រប់គ្រង មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាលាភូមិន្ទរដ្ឋបាល។ ក្នុងអង្គប្រជុំ ឯកឧត្ដមនាយក បានជម្រុញឲ្យគណៈគ្រប់គ្រង់ និងមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់ចំពោះបញ្ហាអនាម័យ សុខភាពផ្ទាល់ខ្លួន និងការកសាងសមត្ថភាព ដើម្បីបំពេញការងារអោយប្រព្រឹត្តទៅបានយ៉ាងរលូន ក្នុងនោះ ឯកឧត្ដមនាយក ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីមួយចំនួនរបស់សាលាភូមិន្ទរដ្ឋបាលរួមមាន៖ - ជ្រើសរើស និងបណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ និងផ្ដល់ការបណ្ដុះបណ្ដាលដំបូង ដល់មន្ត្រីដែលទើបត្រូវបានជ្រើសរើសថ្មី ក្នុងក្របខណ្ឌ នៃវិស័យរដ្ឋបាល - រៀបចំផ្ដល់ការបណ្ដុះបណ្ដាលបន្ត តាមរយៈវគ្គវិក្រឹត្យការ វគ្គសុក្រឹត្យការ ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ និងមន្ត្រីដ៏ទៃទៀត ដែលបម្រើការងារក្នុង និង/ឬ ពាក់ព័ន្ធនឹងវិស័យសាធារណៈ និង - ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយ នវានុវត្តន៍ និងឧត្តមានុវត្តន៍ លើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។