ក្រសួងមុខងារសាធារណៈ និងUNDP ប្រចាំប្រទេសកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងUNDP ប្រចាំប្រទេសកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថល ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពជំរុញឱ្យមាននវានុវត្តន៍ក្នុងអភិបាលកិច្ច ដែលជាការខិតខំប្រឹងប្រែងធ្វើឱ្យ ការផ្ដល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក Nik Beresford អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា អភិបាលនៃគណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងគណៈគ្រប់គ្រង និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ប្រមាណជាង ៣០០នាក់។ សិក្ខាសាលានេះបានផ្ដល់នូវវេទិកា ឱ្យអ្នកចូលរួមស្វែងយល់ពីលទ្ធភាព យកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់ក្នុងវិស័យមុខងារសាធារណៈ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយការជឿទុកចិត្ត របស់ប្រជាពលរដ្ឋលើប្រព័ន្ធអភិបាលកិច្ច និងផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព។