ឯកឧត្តម យក់ ប៊ុនណា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទ នៃអ្នកជំនាញខាងកំណែទម្រង់អន្តរជាតិ និងសិក្ខាសាលាប្រចាំតំបន់ ឆ្នាំ ២០១៩ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិស័យសាធារណៈ និងការអភិវឌ្ឍជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកូរ៉េ” (2019 International Reform Symposium & Regional Workshop: Public Sector Reform and National Development in Southeast Asia and Korea) ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩
ទីក្រុងបាលី (ប្រទេសឥណ្ឌូនេស៊ី) ៖ កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទ នៃអ្នកជំនាញខាងកំណែទម្រង់អន្តរជាតិ និងសិក្ខាសាលាប្រចាំតំបន់ ឆ្នាំ ២០១៩ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិស័យសាធារណៈ និងការអភិវឌ្ឍជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកូរ៉េ” (2019 International Reform Symposium & Regional Workshop: Public Sector Reform and National Development in Southeast Asia and Korea)។ នៅក្នុងសិន្និសីទអន្តរជាតិនេះ ឯកឧត្តម យក់ ប៊ុនណា បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម នៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ព្រមទាំងទិសដៅសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈចាប់ពីឆ្នាំ២០១៩ រហូតដល់ ឆ្នាំ២០៣០។ សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ទៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានការសហការរៀបចំដោយ ក្រសួងកំណែទម្រង់រដ្ឋបាលនិងការិយាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី (Ministry of Administrative and Bureaucratic Reform) ការិយាល័យ នៃគណៈកម្មការអភិវឌ្ឍវិស័យសាធារណៈ របស់ប្រទេសថៃ (Office of Public Sector Development Commission) និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េ (Korea Research Institute) នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី ព្រមទាំងមានការចែករំលែកបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ពីអ្នកជំនាញខាងកំណែទម្រង់មកពី បណ្តាប្រទេសនានា ដូចជា អូស្ត្រាលី ញូវហ្សេឡែន ឥណ្ឌូនេស៊ី កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ វៀតណាម បារាំង និងកូរ៉េ។