ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបប្រជុំពិភាក្សាជាមួយ លោកជំទាវ មេធីនី ថេបម៉ានី (Methini Thepmani) អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការមុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំង នាយករង និងប្រធាននាយកដ្ឋាន នៃសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបប្រជុំពិភាក្សាជាមួយ លោកជំទាវ មេធីនី ថេបម៉ានី (Methini Thepmani) អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការមុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ នៅបន្ទប់ប្រជុំជាន់ផ្ទាល់ដី នៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះគឺស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍ និងការគ្រប់គ្រងធនធានមនុស្ស រវាង សាលាភូមិន្ទរដ្ឋបាល និងការិយាល័យគណៈកម្មការមុខងារសាធារណៈ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ននៅក្នុងវិស័យមុខងារសាធារណៈ និងរដ្ឋបាលសាធារណៈ ដើម្បីគាំទ្រវិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធផល ប្រសិទ្ធភាព និងវឌ្ឍនភាពជានិរន្តរ៍។