សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៦០នាក់ បានចុះអនុវត្តការងារសង្គមដែលជាផ្នែកមួយ នៃកម្មវិធីសិក្សារបស់សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨
កាលពីថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៦០នាក់ បានចុះអនុវត្តការងារសង្គម ដែលជាផ្នែកមួយ នៃកម្មវិធីសិក្សា របស់សាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ “សន្តិភាពផ្លូវចិត្ត និងវប្បធម៌នៃការចែករំលែក” នៅពុទ្ធមណ្ឌលកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ ដែលមានទីតាំងនៅឃុំដីឥដ្ឋ និងឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងដោយមានការចូលរួមពី លោកគ្រូ អ្នកគ្រូ ដែលជាគ្រូសម្របសម្រួល របស់សិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល និងតំណាង អជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពី សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផ្ទាល់ផងដែរ។ ការងារសង្គមនេះ មានគោលបំណង អនុញ្ញាតឲ្យ សិស្សមន្រ្តីជាន់ខ្ពស់ ហាត់រៀនសមាធិ ដើម្បីបង្កើន សន្តិភាពផ្លូវចិត្ត និងបន្តវប្បធម៌ នៃការចែករំលែក ដែលមានសារៈសំខាន់សម្រាប់មន្រ្តី ដែលមានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ។ ក្នុងការចុះធ្វើការងារសង្គមនេះ គឺមានសកម្មភាពសំខាន់ៗដូចជា៖ - នៅពុទ្ធមណ្ឌលកម្ពុជា៖ ដាំកូនឈើចំនួន ៣០០ដើម ប្រគេនសម្ភារសិក្សា ថ្នាំពេទ្យ(ចំនួន ២៤០ប្រអប់) ទឹកដោះគោខាប់ ថ្នាំដុសធ្មេញ ដល់សាមណេរ និងព្រះសង្ឃចំនួន ៨៥អង្គ ហាត់រៀនសមាធិផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដែលពាក់ព័ន្ធនឹងការថែទាំសុខភាព ការសង្រ្គោះបឋម និងឥទ្ធិពលនៃបណ្ដាញសង្គម។ - នៅវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ៖ បានផ្តល់ជូននូវសម្ភារសិក្សា ថ្នាំពេទ្យ ចំនួន ២៤០ប្រអប់ និងស្បៀងអាហារដូចជា អង្ករ ទឹកត្រី ខ្លាញ់ ស្ករ ប៊ីចេង ខ្ទឹមស សាប៊ូម្សៅដល់សិស្សានុសិស្សក្រីក្រចំនួន ១៤២នាក់ និងការចែករំលែកចំណេះដឹង ដែលពាក់ព័ន្ធនឹង ការថែទាំសុខភាព ការសង្រ្គោះបឋម និងឥទ្ធិពលនៃបណ្ដាញសង្គម។