កិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារ និងទិសដៅបន្ត របស់នាយកដ្ឋានទាំងបួន នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨
នាថ្ងៃអង្គារ និងថ្ងៃពុធ ៩រោច ដល់១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានដឹកនាំកិច្ចប្រជុំស្ដីពី វឌ្ឍនភាពការងារ និងទិសដៅបន្ត របស់នាយកដ្ឋានទាំងបួននៃសាលាភូមិន្ទរដ្ឋបាល នៅបន្ទប់ប្រជុំជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល។ ឯកឧត្ដមនាយកបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីសាលាភូមិន្ទរដ្ឋបាល ដែលសិក្សាបន្ថែមទៅលើជំនាញដែលទាក់ទងនឹងការងារប្រចាំថ្ងៃ ចាប់ពី១៥ម៉ោងឡើងទៅនៅសាលាភូមិន្ទរដ្ឋបាល និងការសិក្សាជំនាញ នៅតាមស្ថាប័នខាងក្រៅ នឹងត្រូវបានលើកទឹកចិត្ត។ ពិសេសជាងនេះទៅទៀតនោះគឺ ការទទួលបានអាហាររូបករណ៍៥០% លើផ្នែកភាសាបរទេសពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) និង២៥% ពីសាលាភុមិន្ទរដ្ឋបាល។ សម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការីទាំងអស់ ដែលកំពុកសិក្សានៅ សាលាភូមិន្ទរដ្ឋបាលក៏ត្រូវទទួលបាននូវអាហារូបករណ៍៥០% ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ផងដែរ។